លោកគ្រូស៊ុំ វណ្ណា និយាយពីការរៀបចំខ្លួនប្រកួតជាមួយក្រុមសូលទីឡូអង្គរស្អែកនេះ

May 17, 2019 - 9:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោកគ្រូស៊ុំ វណ្ណា ដែលកំពុងតែកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នកក្រុមឈុតធំភ្នំពេញក្រោនបានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់ខ្លួនមានការរៀបចំខ្លួនល្អគួរសមសម្រាប់ការប្រកួតជាមួយក្រុមសូលទីឡូអង្គរនាថ្ងៃសៅរ៍ស្អែកនេះ ។ លោកគ្រូបង្វឹករូបនេះបាននិយាយថា៖ « ពួកយើងមានការរៀបចំបានយ៉ាងល្អសម្រាប់ការប្រកួតនាសប្តាហ៍នេះ ហើយយើងនឹងព្យាយាមគ្រប់យ៉ាងដើម្បីលេងឲ្យអស់លទ្ធភាពជាមួយក្រុមសូលទីឡូអង្គរ ។ ស្របពេលដែលការប្រកួតនេះក្រុមរបស់ពួកយើងក៏ត្រូវពង្រឹងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ បើទោះបីជាការប្រកួតមុននេះយើងមានឱកាសទាត់ទីគេច្រើនជាងប្រកួតមុនៗក៏ដោយ » ។

គ្រូបង្វឹកដែលកាន់ Licence A រូបនេះបានបន្ថែមទៀតថា៖ « ក្រុមសូលទីឡូជាក្រុមមួយដែលមានបច្ចេកទេសល្អពេលពួកគេប្រកួតម្តងៗ ខ្ញុំគិតថាយើងនឹងមានភាពការលំបាកក្នុងការលេងជាមួយពួកគេ ហើយបើនិយាយពីកីឡាកររបស់ពួកគេវិញគឺមានបទពិសោធន៍ច្រើន និងម្យ៉ាងវិញទៀតកីឡាករជប៉ុនរបស់គេក៏មានគុណភាពល្អផងដែរ » ។ សូមបញ្ជាក់ថាក្រុមកីឡាករឈុតធំភ្នំពេញក្រោនកំពុងតែធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីប្រកួតជាមួយក្រុមសូលទីឡូអង្គរ នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាសប្តាហ៍ទី៨នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ