ជំនួបរវាង ភ្នំពេញក្រោន នឹងក្រសួងការពារជាតិ ស្អែកនេះអមដោយកម្មវិធីពិសេសជាច្រើន!

July 7, 2018 - 12:25 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យស្អែកនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមខ្លាំងក្រសួងការពារជាតិ ។ ស្របពេលខ្លួនជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតដ៏សំខាន់នេះ  ក្លឹបភ្នំពេញក្រោនមានកម្មវិធីពិសេសៗជាច្រើនដូចជា៖ អ្នកគាំទ្រក្រុមភ្នំពេញក្រោនទាំងអស់នឹងមានឱកាសចូលរួមទស្សនាការប្រកួតដោយសេរីដោយគ្រាន់តែពាក់អាវពណ៌ក្រហម ហើយចំពោះអ្នកគាំទ្រដែលមានកាតសមាជិតក្លឹបនោះនឹងទទួលបានភេសជ្ជៈ Honey Lemon ចំនួន ១កំប៉ុងថែមទៀតផង ។

មួយវិញទៀតក្លឹបក៏បានរៀបចំកម្មវិធីបញ្ចុះតម្លៃនូវរាល់ការទិញអាវរដូវកាលថ្មីឆ្នាំ២០១៨ នេះគឺមានដូចជា៖ សម្រាប់អតិថិជនទូទៅនឹងមានការបញ្ចុះតម្លៃ ៥% ចំណែកឯសមាជិកក្លឹបនឹងទទួលបានការបញ្ចុះតម្លៃ ១០% (មានចំនួនកំណត់ត្រឹម ២អាវ) ។

ជាងនេះទៅទៀតនៅពេលបញ្ចប់វគ្គទី១ នៃការប្រកួតរវាងក្រុងភ្នំពេញក្រោន និងក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋាន RSN ក្លឹបបានរៀបចំកម្មវិធីទាត់បាល់ដើម្បីឈ្នះរង្វាន់ ដែលកម្មវីធីនេះនឹងបើកសិទ្ធិឲ្យអ្នកដែលចូលរួមទស្សនាការប្រកួតទាំងអស់អាចចូលរួមលេងដោយសេរីព្រមទាំងមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ពីក្លឹបបាល់ទាត់ភ្នំពេញក្រោនថែមទៀតផង ។

អ្វីដែលពិសេសនោះគឺលោកអ្នកក៏នឹងក្លាយជាចំណែកមួយនៃសកម្មភាពមនុស្សធម៌ដើម្បីសង្គមកម្ពុជា ដោយហេតុថា ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចំនួន ១០% នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើនលាននាក់នោះ ។ ទាំងអស់នេះគឺជាអ្វីដែលលោកអ្នកទទួលបានសម្រាប់ការប្រកួតសំខាន់ស្អែកនេះ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ!

មតិយោបល់


អត្ថបទផ្សេងៗ