ភ្នំពេញក្រោន សម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Pouya Hosseini

August 6, 2018 - 1:20 PM | អត្ថបទដោយ៖ មករា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយកីឡាករ Pouya Hosseini ហើយបន្ទាប់ពីបានឆ្លងកាត់ការចរចាររវាងភាគីទាំងពីររហូតឈានដល់កិច្ចព្រមព្រៀងជាមួយគ្នារួចមក ។ យ៉ាងណាក៏ដោយ ក្លឹបសូមរក្សាសិទ្ធិមិនបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះខ្សែប្រយុទ្ធជនជាតិអុីរ៉ង់រូបនេះសម្រាប់ការចូលរួមរយៈកាលកន្លងមក ព្រមទាំងសូមជូនពររូបគេសូមទទួលបានជោគជ័យ និងសំណាងល្អនៅក្នុងអាជីពនាពេលអនាគត ។

គួររំលឹកថា ភ្នំពេញក្រោន បានចុះកិច្ចសន្យានាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងមក ដោយរូបគេធ្លាប់លេងនៅលីគនៃប្រទេសថៃផងដែរដូចជាជាមួយក្លឹបថៃ Udon Thani FC ក្នុងឆ្នាំ២០១៣ បន្ទាប់មកបានចូលរួមជាមួយក្លឹប Muangthong United ពីឆ្នាំ២០១៤-២០១៥ មុននឹងលេងឲ្យក្លឹប Nongbua Pitchaya FC ក្នុងឆ្នាំ២០១៦ ។ នៅក្នុងពេលរួមរស់ជាមួយភ្នំពេញក្រោន កីឡាករកម្ពស់ ១.៨៣ម៉ែត្ររូបនេះធ្លាប់រកបាន ២គ្រាប់ជូនក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា ៕

 

មតិយោបល់