ភ្នំពេញក្រោន ផ្តួលក្រុម FFC U18 ក្នុងលទ្ធផល ៥-១ ខណៈលីគកំពុងសម្រាក

April 28, 2018 - 6:16 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់ភ្នំពេញក្រោន ទើបតែបានផ្តួលក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ (FFC U18) ជាមួយនឹងលទ្ធផល ៥-១ ក្នុងជំនួបមិត្តភាពនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ។

ក្នុងការប្រកួត ៣វគ្គដែលក្នុងមួយវគ្គមានរយៈពេល ៣០នាទីនេះបានចាប់ផ្តើមជាមួយនឹងការព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមកពិសេសក្នុង ២០នាទីដំបូងតែម្តង។ យ៉ាងណាក៏ដោយ នៅនាទីទី៣០ ក្រុមភ្ញៀវភ្នំពេញក្រោន បាននាំមុខមុន ១គ្រាប់តាមរយៈការតែតបញ្ចូលទីដោយកីឡាករស្រាំង ទិត្យឈី បន្ទាប់ពីទទួលបានគ្រាប់បាល់ Free-kick ពីកីឡាករ ម៉ៅ ពិសិដ្ឋ រួចមក ។

បន្ទាប់មកទៀតនៅក្នុងវគ្គទី២ ខ្សែបម្រើប្រយុទ្ធ ម៉ៅ ពិសិដ្ឋ បានបន្ថែម ១គ្រាប់ទៀតនៅនាទីទី៦៣ មុននឹងកីឡាករវ័យក្មេង លឹម ពិសុទ្ធ ទាត់បញ្ចូលទីគ្រាប់បាល់ទី៣ នៅនាទីទី៦៦ ។ យ៉ាងណាក៏ដោយ នៅនាទី៧១ ក្រុម FFC U18​ បានវាយបក ១គ្រាប់វិញ ។ នៅក្នុងវគ្គទី៣ ដែលជាវគ្គកាត់សេចក្តីក្រុមភ្នំពេញក្រោនរកបាន ២គ្រាប់ថែមទៀតក្នុងនាទី៧៩ ដោយខ្សែប្រយុទ្ធ Pouya Houseini និងនៅនាទី៨៦ ដោយប្រធានក្រុម អ៊ុក សុទ្ធី ។ សូមបញ្ជាក់ថា ការប្រកួតមិត្តភាពនេះបានធ្វើឡើង ខណៈក្រុមភ្នំពេញក្រោនបានអវត្តមានកីឡាករ ៧រូបដោយពួកគេកំពុងចូលរួមបេសកកម្មជាមួយក្រុម​U21 ជម្រើសជាតិ ស្របពេលដែលលីគកំពូលកម្ពុជាក៏កំពុងតែសម្រាកដែរនោះ ៕

អត្ថបទ៖ MK

មតិយោបល់


អត្ថបទផ្សេងៗ