ភ្នំពេញក្រោន ប្រកាសឈរលើជំហរដូចសេចក្តីថ្លែងការណ៍ដដែល!

December 20, 2018 - 4:40 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីកិច្ចពិភាក្សារវាងលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសហព័ន្ធនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះរួចមក ភាគីក្លឹបភ្នំពេញក្រោន បានបង្ហាញជំហរដដែលពោលគឺនៅតែគោរពតាមសេចក្តីថ្លែងការណ៍របស់ខ្លួនដែលបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូកន្លងមក។

លោកឧកញ៉ា ឬទ្ធី សំណាង បានថ្លែងថា សម្រាប់ភ្នំពេញក្រោន មាន ២ចំនុចដែលក្លឹបចង់បានគឺទី១ ទាមទារឱ្យមានការទូទាត់សំណងថ្លៃអភិវឌ្ឍន៍លើយុវជនទាំង ៥ និងទី២ ដំណោះស្រាយគឺត្រូវឈរលើច្បាប់របស់ FIFA ដូចដែលលោកអគ្គលេខាធិការសហព័ន្ធ (លោក កែវ សារ៉េត) ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះ។

គួររំលឹកថា ក្លឹបភ្នំពេញក្រោនបានប្រកាសយ៉ាងមុឺងម៉ាត់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែធ្នូកន្លងមកថា៖ «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ។» ហើយជំហរនេះ គឺដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀតដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគឱ្យកាន់តែខ្លាំ ងក្លានាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង៕

មតិយោបល់


អត្ថបទផ្សេងៗ