ភ្នំពេញក្រោន បន្តនាំយក ៣ពិន្ទុបន្ថែមទៀតពីទឹកដីសៀមរាបជូនអ្នកគាំទ្រ

June 30, 2018 - 5:58 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានដណ្តើមជ័យជម្នះលើក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរនៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃលីគកំពូលកម្ពុជា ពោលគឺនេះជា ៣ពិន្ទុបន្ថែមទៀត​ដែលក្រុមភ្នំពេញក្រោនទទួលបានពីក្រុមទាំងពីរដែលមានមូលដ្ឋាននៅខេត្តសៀមរាបគឺអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ដោយរក្សាបានកំណត់ត្រាឈ្នះ ២លើកជាប់គ្នាក្នុងការប្រកួតលើទឹកដីនៃអតីតរាជធានីខ្មែរមួយនេះ ។

សូមបញ្ជាក់ថា ៣ពិន្ទុដ៏សំខាន់នៃការប្រកួតដំបូងសម្រាប់ជើងទី២នេះទទួលបានពីការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់ក្រុមទាំងមូលបើទោះបីជាពួកគេបានឆ្លងកាត់ការហត់នឿយក្នុងរយៈពេល ២សប្តាហ៍ជាប់ៗគ្នាដោយត្រូវធ្វើដំណើរក្នុងរយៈចម្ងាយជាង ១ពាន់គីឡូម៉ែត្រក៏ដោយ ។

សម្រាប់គ្រាប់បាល់ក្នុងជំនួបនាល្ងាចនេះវិញរកបានដោយកីឡាករចំណូលថ្មី Valci នៅនាទី៦៦ បន្ទាប់ពីទទួលបានការបញ្ជូនបាល់ដ៏ល្អរបស់កីឡាករវ័យក្មេង សុិន កក្កដា រួចមក ។ ចំណែកគ្រាប់ទី២ ទាត់បញ្ចូលទីដោយកីឡាករ យើុ មូស្លីម ក្នុងម៉ោងបន្ថែម (នាទី៩០+១) ទៅហើយនោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ