ភ្នំពេញក្រោន បង្ហាញក្តីបារម្ភ និងសំណូមពរខ្លះៗលើការដោះស្រាយបញ្ហាសំរាមនៅខេត្តព្រះសីហនុ

December 12, 2018 - 4:15 PM | អត្ថបទដោយ៖ មករា

បន្ទាប់ពីបានមកឃើញពីផលវិបាកមួយចំនួនលើការគ្រប់គ្រង និងដោះស្រាយបញ្ហាសំរាមនៅក្នុងខេត្តព្រះសីហនុរួចមក បុគ្គលិក ក៏ដូចជាក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរួមគ្នាលើកឡើងនូវសំណូមពរក៏ដូចជាក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងបញ្ហានេះ ខណៈដែលពួកគេក៏ទើបតែបានបញ្ចប់កម្មវិធី Football Clinic នៅលើទឹកដីមាត់សមុទ្រនេះ ក្រោមកិច្ចសហការគ្នាជាមួយនឹងថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រុមហ៊ុន Waste Management ដែលមានទាំងកម្មវិធីសម្អាតទីក្រុង ដាំកូនឈើ និងចែកធុងសំរាមនៅតាមបណ្តាទីតាំងមួយចំនួនផងនោះ។

កីឡាករ អ៊ុក សុទ្ធី ប្រធានក្រុមភ្នំពេញក្រោនបានលើកឡើងថា ការដោះស្រាយបញ្ហានេះគឺទាមទារឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋរួមទាំងវិស័យឯកជននានា ជាក់ស្តែងប្រជាពលរដ្ឋមិនត្រូវបោះសំរាមពាសវាលពាសកាលដោយគ្មានសណ្តាប់ធ្នាប់ឡើយ ចំណែកអាជ្ញាធរមូលដ្ឋានត្រូវរៀបចំទុកដាក់ឱ្យមានធុងសំរាមតាមទីតាំងនានាឱ្យបានច្រើន ពង្រឹងយន្តការប្រមូល និងសម្អាតសំរាមតាមដងផ្លូវ ឬទីសាធារណៈឱ្យបានត្រឹមត្រូវទាន់ពេលវេលានិងមានគោលការណ៍អប់រំ ឬការលើកទឹកចិត្តឱ្យប្រជាជនចូលរួមក្នុងការគ្រប់គ្រងសំរាមជាប្រចាំផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានចូលរួមក្នុងសកម្មភាពបរិស្ថាននៅលើទឹកដីខេត្តព្រះសីហនុដែរដោយមានទាំងការដាំដើមឈើ ការសម្អាតទីក្រុង និងការផ្តល់ធុងសំរាមដល់អាជ្ញាធរខេត្តមួយនេះថែមទៀងផងក្នុងគោលដៅផ្សារភ្ជាប់រវាងបេសកកម្មកីឡា និងបរិស្ថានដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គម៕


 

មតិយោបល់


អត្ថបទផ្សេងៗ