ភ្នំពេញក្រោន នឹងចូលហ្វឹកហាត់នៅទីលានប្រកួតផ្លូវការនៃកីឡដ្ឋានរបស់ Nakhon Ratchasima FC ល្ងាចនេះ

January 18, 2019 - 2:45 PM | អត្ថបទដោយ៖ មករា

បន្ទាប់ពីបានជួបប្រទះបញ្ហាប្រឈមលើទីលានហ្វឹកហាត់កាលពីម្សិលមិញរួចមក នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ក្រុមភ្នំពេញក្រោន នឹងចូលហ្វឹកហាត់នៅលើទីលានប្រកួតផ្លូវការនៃកីឡដ្ឋាន 80th Birthday Stadium របស់ក្លឹប  Nakhon Ratchasima FC ដោយក្រុមម្ចាស់ផ្ទះបានសម្របសម្រួលក៏ដូចជារៀបចំបំពេញទៅតាមលក្ខណ្ឌកំណត់របស់ AFC ផងដែរនោះ។

យោងតាមការឱ្យដឹងរបស់ លោក Leonardo គ្រូបង្វឹកក្រុមធំភ្នំពេញក្រោនបានបញ្ជាក់ថា អ្វីៗបានដំណើរការយ៉ាងរលូនបន្ទាប់ពីក្រុមម្ចាស់ផ្ទះបានដឹងពីផលវិបាករបស់ក្រុមភ្ញៀវដែលងាយនឹងរងគ្រោះថ្នាក់ក្នុងពេលហ្វឹកហាត់នៅលើទីលានដែលមិនមានគុណភាពតាមស្តង់ដារនោះ ពោលគឺខុសពីទីលានប្រកួតផ្លូវការ ខណៈដែលភាគីក្លឹប Nakhon Ratchasima FC ក៏បានជូនដំណឹងថា ក្រុមភ្នំពេញក្រោន នឹងអាចប្រើប្រាស់ទីលាននៃកីឡដ្ឋាន 80th Birthday Stadium បានសម្រាប់ការហ្វឹកហាត់ល្ងាចនេះ។

បើតាម លោក Leonardo ទីលានដែលកូនក្រុមរបស់លោកបានហ្វឹលហាត់កាលពីយប់មិញមិនអំណោយផលសម្រាប់កីឡាករឡើយ ពោលគឺមានបញ្ហាពាក់ព័ន្ធទៅនឹងការក្រាលស្មៅដោយមានជង្ហុកនៅកន្លែងខ្លះផងដែលអាចបណ្តាលឱ្យកីឡាករជួបប្រទះបញ្ហាជាយថាហេតុបាន។ យ៉ាងណាក៏ដោយ លោកមានក្តីរីករាយដែលក្រុមម្ចាស់ផ្ទះបានសម្រួលបញ្ហានេះរួចរាល់តាមការស្នើសុំរបស់ក្រុមភ្នំពេញក្រោននោះ៕

 

មតិយោបល់


អត្ថបទផ្សេងៗ