ភ្នំពេញក្រោន គាំទ្រពេញទំហឹងចំពោះសកម្មភាពសម្អាតឆ្នេររបស់ក្រុមហ៊ុន 855 Crown Hotel & Resort

January 13, 2019 - 1:59 PM | អត្ថបទដោយ៖ មករា

កាលពីសប្តាហ៍កន្លងទៅ ក្រុមការងាររបស់ក្រុមហ៊ុន 855 Crown Hotel & Resort ដែលជាដៃគូឧបត្ថម្ភមួយរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំដំណើរកម្សាន្តមួយនៅខេត្តកោះកុងដោយក្នុងអំឡុងពេលនោះក៏មានការបំពេញការងារថែរក្សា និងគាំពារបរិស្ថានផងដែរ ពោលគឺការចូលរួមសម្អាតឆ្នេរសមុទ្រនៃដែនដីនិរតីនៃប្រទេសកម្ពុជានេះ បន្ទាប់ពីបានទទួលរងនូវការបំផ្លាញពីសំណាក់ភ្ញៀវទេសចរណ៍ ឬប្រជាជនមួយចំនួនពិសេសការចោលសំរាមគ្មានសណ្តាប់ធ្នាប់តែម្តង។

 

នៅក្នុងសកម្មភាពនេះ គឺជារូបភាពវិជ្ជមានមួយសម្រាប់ឆ្នេរសមុទ្រកម្ពុជា បន្ថែមពីលើការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់អាជ្ញាធរខេត្ត និងដៃគូឯកជនដែលទទួលបន្ទុកលើការងារប្រមូលសំរាម និងសម្អាតក្រុងនោះ។ ជាមួយគ្នានេះ បើទោះបីជាក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន មិនបានចូលរួមដោយផ្ទាល់ដោយសារតែការមមាញឹកហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Leo Pre Season Cup នៅក្នុងប្រទេសថៃក្តី ក៏ភ្នំពេញក្រោន មានក្តីរីករាយ ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការដ៏មានតម្លៃចំពោះសង្គមមួយនេះ ព្រោះវាបានផ្សារភ្ជាប់ទៅនឹងទស្សនវិស័យរបស់ក្លឹបដែលផ្តោតទៅលើការចូលរួមអភិវឌ្ឍន៍ជាតិតាមរយៈវិស័យកីឡាបាល់ទាត់ផ្ទាល់តែម្តង។

គួររំលឹកដែរថា ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននេះកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏បានរៀបចំកម្មវិធីធំៗចំនួន ២លើទឹកដីខេត្តព្រះសីហនុដែលរួមមានការចែករំលែកបទពិសោធន៍ពីបាល់ទាត់ ក៏ដូចជាកម្មវិធីសម្អាតបរិស្ថានដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត តំណាងក្រសួងបរិស្ថានរួមជាមួយក្រុមគ្រូបង្វឹក បុគ្គលិក ព្រមទាំងកីឡាករ កីឡាការិនីរបស់ភ្នំពេញក្រោនផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ