ប្រធានក្លឹបភ្នំពេញក្រោន សម្រេចប្តូរកៅអីជ័រចាស់ៗចេញនៅចុងឆ្នាំនេះ!

July 21, 2018 - 12:45 PM | អត្ថបទដោយ៖ មករា

បន្ទាប់ពីបានពិនិត្យឃើញថា កៅអីជ័រនៅកន្លែងអង្គុយមានដំបូល (Grandstand) នៃកីឡដ្ឋាន RSN បានទទួលរងនូវភាពចាស់ពុកផុយរួចមក លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចប្តូរកៅអីទាំងនេះចេញ ដោយនឹងជំនួសវិញនូវកៅអីថ្មីដែលត្រូវទទួលរ៉ាប់រងបំពាក់ដោយក្រុមហ៊ុនបរទេសមួយដែលមានជំនាញក្នុងការស្ថាបនា ក៏ដូចជាកែលម្អកីឡដ្ឋាននានានៅក្នុងព្រះរាជាណាចក្រថៃផ្ទាល់តែម្តង ។ តាមការគ្រោងទុក គម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ ពោលគឺក្រុមការងារនឹងចាប់ផ្តើមបំបេញបេសកកម្មនាពេលឆាប់ៗដើម្បីធានាថា កៅអីថ្មីនឹងអាចបង្ហាញខ្លួនមុនរដូវកាលឆ្នាំ២០១៩ ខាងមុខ ។

គួររំលឹកថា គម្រោងផ្លាស់ប្តូរនេះត្រូវបានសិក្សាតាំងតែពីអំឡុងឧសភា ឆ្នាំ២០១៨ មកម្ល៉េះ ខណៈដែលក្រុមការងាររបស់ក្រុមហ៊ុនថៃបានចុះមកសិក្សាផ្ទាល់នៅកីឡដ្ឋាន ​RSN ដើម្បីពិនិត្យក៏ដូចជាវាយតម្លៃមុននឹងចេញជារបាយការណ៍លម្អិតកាលពីពេលថ្មីៗនេះ ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ គម្រោងផ្លាស់ប្តូរកៅអីជ័រគ្រោងនឹងចំណាយប្រមាណជាជិត ៧មុឺនដុល្លារ ស្របពេលដែលលោកប្រធានក្លឹបបានប្តេជ្ញាចិត្តថានឹងព្យាយាមកែលម្អកីឡដ្ឋានស្មៅធម្មជាតិមួយនេះឱ្យកាន់តែល្អប្រសើរស័ក្តិសមជាក្លឹបបាល់ទាត់អាជីពដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជាទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សផងដែរ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ និងមានឈ្មោះថាកីឡដ្ឋាន RSN បន្ទាប់ពីបានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាបាន ៥សម័យកាលរួចមក មុននឹងបន្ថែមពាន ១សម័យកាលទៀតនៅឆ្នាំដដែលនោះ ។ ក្នុងបរិវេណកីឡដ្ឋាននេះរួមមានទីលានធំ, ទីលានហ្វឹលហាត់, ទីលានហ្វូតសាល, ទីលានបាល់បោះ, ទីកន្លែងស្នាក់នៅសម្រាប់កីឡាករ, ការិយាល័យ, អាហារដ្ឋាន និងសាល​ VIP រួមទាំងផ្នែកផ្សេងៗទៀត ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កាលពីចុងឆ្នាំ២០១៦កន្លងមក ក្លឹបក៏ទើបតែប្តូរបង្គោលភ្លើងបំភ្លឺទីលានធំ (main pitch) ចំនួន ៤បង្គោលដែលបានចំណាយថវិកាមិនតិចជាង ៣០មុឺនដុល្លារនោះឡើយដើម្បីបំពេញតាមបទដ្ឋានតម្រូវរបស់សហព័ន្ធបាល់ទាត់អាសុី (AFC) ហើយត្រូវបានតំឡើងដោយក្រុមហ៊ុន Musco ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែកភ្លើងបំភ្លឺកីឡដ្ឋានហើយក៏ជាក្រុមហ៊ុនដែលបានតំឡើងភ្លើងនៅកីឡដ្ឋាន Emirates របស់ក្លឹប Arsenal ផងដែរនោះ ៕

 

 

 

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ