ប្រធានក្លឹបភ្នំពេញក្រោន នឹងជួបពិភាក្សាជាមួយមន្ត្រី FFC រសៀលថ្ងៃព្រហស្បតិ៍នេះលើករណីកីឡាករទាំង ៥នាក់

December 20, 2018 - 11:48 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

យោងតាមការបញ្ជាក់របស់ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា នាវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចូលជួបពិភាក្សាជាមួយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពាក់ព័ន្ធលើករណីកីឡាករ ៥នាក់ដែលទើបតែបានប្តូរទៅកាន់ក្លឹបបាល់ទាត់វិសាខាកាលពីពេលថ្មីៗនេះដោយរំពឹងថាបញ្ហានេះនឹងអាចទទួលបានដំណោះស្រាយសមស្របនាពេលឆាប់ៗ ។

គួររំលឹកថា ក្លឹបភ្នំពេញក្រោន បានប្រកាសយ៉ាងមុឺងម៉ាត់ថា៖ «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ ។» ហើយជំហរនេះ​ គឺដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀតដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគឱ្យកាន់តែខ្លាំ​ងក្លានាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង ៕

មតិយោបល់


អត្ថបទផ្សេងៗ