ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ឧបត្ថម្ភ ៨០លានរៀលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ​ ១៩ នៅខេត្តព្រះសីហនុ

March 24, 2020 - 3:40 PM | អត្ថបទដោយ៖ មករា

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាអគ្គនាយកសណ្ឋាគារ KB Hotel ព្រមទាំងលោកជំទាវជាភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០លានរៀលដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩ដែលកំពុងគំរាមគំហែងប្រជាពលរដ្នៅខេត្តព្រះសីហនុនោះ។

ការចូលរួមនេះក្នុងគោលបំណងដើម្បីសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្ទាល់ ក្នុងពេលដែលទឹកដីមាត់សមុទ្រនេះកំពុងទទួលរងការរាតត្បាតរបស់វីរុសកូវីដ១៩ ក្រោយពីមានករណីឆ្លងទៅលើជនបរទេសជាច្រើននាក់កាលពីពេលថ្មីនេះរួចមក។

ក្នុងឱកាសនេះដែរ លោកឧកញ៉ា ឬទ្ធី សំណាង និងលោកជំទាវក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់ៗរូបសូមរក្សាអនាម័យ និងអនុវត្តវិធីការពារដែលកំណត់ដោយស្ថាប័នជំនាញ ក៏ដូចជារួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ខណៈដែលពិភពលោកទាំងមូលកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសដ៏អាក្រក់នេះ។ លោកឧកញ៉ាក៏សូមជូនពរដល់ប្រជាជនខ្មែរនៅទូទាំងប្រទេសសូមប្រកបដោយសុខភាពល្អ សំណាងល្អ និងជៀសផុតពីគ្រោះភ័យទាំងពួង។

សូមបញ្ជាក់ថា នេះជាការចូលរួមចំណែកបន្ថែមទៀតបន្ទាប់ពីកាលពីសប្តាហ៍មុនឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន និងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏បានឧបត្ថម្ភចំនួន ១០មុឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩ នេះដែរ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ