ប្រធានក្រុម អ៊ុក សុធី ប្រាថ្នារួមចំណែកអភិវឌ្ឍន៍ធនធានយុវជនក្រោយទទួលសញ្ញាបត្រគ្រូបង្វឹកកម្រិត C 

May 18, 2018 - 11:55 AM | អត្ថបទដោយ៖ មករា

កីឡាករអ៊ុក សុធី ដែលជាប្រធានក្រុមភ្នំពេញក្រោន បានថ្លែងថា រូបគេមានបំណងចង់ក្លាយជាគ្រូបង្វឹកក្រុមថ្នាលយុវជននាពេលអនាគតដើម្បីជាការរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករបាល់ទាត់សម្រាប់ប្រទេសកម្ពុជានាថ្ងៃខាងមុខ ។ ជាមួយគ្នានេះដែរ កីឡាករជើងចាស់រូបនេះបានបន្ថែមថា ការទទួលសញ្ញាបត្រគ្រូបង្វឹកកម្រិត C កាលពីពេលថ្មីៗនេះ​បានក្លាយជាការលើកទឹកចិត្តកាន់តែខ្លាំងសម្រាប់រូបគេក្នុងការឈានចាប់អាជីពគ្រូបង្វឹកនាថ្ងៃមុខពិសេសក្រោយពេលចូលនិវត្តន៍ពីលើទីលានតែម្តង ។

ខ្សែបម្រើកណ្តាលរូបនេះបានបញ្ជាក់ថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានបំណងចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំមានដើម្បីរួមចំណែកជួយដល់ក្មេងៗជំនាន់ក្រោយឱ្យមានសមត្ថភាពក្លាយជាធនធានល្អៗសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសខ្ញុំប្រាថ្នាចាប់ផ្តើមនៅក្នុងក្លឹបភ្នំពេញក្រោនតែម្តង ជារួមគឺបើថ្ងៃមុខក្លឹបផ្តល់ឱកាស ខ្ញុំនឹងចូលរួមនៅទីនេះហើយធ្វើឱ្យបានល្អបំផុត!»

សូមជម្រាបថា ខ្សែបម្រើកណ្តាលរូបនេះគឺជាកីឡាករជើងចាស់មួយរូប និងបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ព្រមទាំងធ្លាប់បានជួយក្រុមឱ្យបានឈ្នះពានលីគកំពូលកម្ពុជានាឆ្នាំ២០១៤ ប៉ុន្តែបានអវត្តមាននាឆ្នាំ២០១៥ បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិរួចមក ៕

មតិយោបល់


អត្ថបទផ្សេងៗ