បទសម្ភាសន៍ជាមួយលោក Oleg Starynskyi ក្រោយកាន់តំណែងជាគ្រូបង្វឹកឈុតធំសារជាថ្មី

November 20, 2020 - 2:38 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីតែងតាំងជាគ្រូឈុតធំរបស់ភ្នំពេញក្រោនរួចមកលោក Oleg Starynskyi បានផ្តល់សម្ភាសន៍ផ្លូវការមួយដែលរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួន ខាងក្រោមនេះគឹជាការយល់ឃើញរបស់គាត់៖

សំណួរ៖ សូមបង្ហាញចំណាប់អារម្មណ៍នៃការត្រលប់មកកាន់ទីនេះសារជាថ្មីម្តងទៀត

Oleg៖ ចំពោះការវិលត្រឡប់មកវិញនេះគឺវាពិតជាសំខាន់មែនទែនសម្រាប់ខ្ញុំ ហើយខ្ញុំតែងតែជឿជាក់ថាពួកយើងអាចទទួលបានភាពជោគជ័យកាន់តែច្រើននៅថ្ងៃខាងមុខ នេះគឺជាមូលហេតុមួយដែលខ្ញុំត្រឡប់មកវិញ តែអ្វីដែលសំខាន់ជាងនេះទៀត គឺខ្ញុំបាននិយាយគ្នាជាមួយនឹងម្ចាស់ក្លឹបលោកឧកញ៉ា ឬទ្ធី សំណាង ហើយគាត់បានផ្ដល់ឱកាសមួយនេះឱ្យមកខ្ញុំ ដែលធ្វើឱ្យខ្ញុំមានជំនឿទុកចិត្តខ្លាំងមែនទែន កាលពីខ្ញុំនៅ​ Ukraine គឺខ្ញុំមានការងារដ៏ល្អមួយ ខ្ញុំបាននៅក្នុងក្លឹបដ៏ល្អបំផុតនៅក្នុងប្រទេសនោះ គឺនៅភាគអាគ្នេយ៍នៃប្រទេស Ukraine និងអឺរ៉ុប ហើយខ្ញុំក៏មានតំណែងដ៏ល្អ និងត្រូវបានគេតំឡើងឱ្យក្លាយទៅជាប្រធានផ្នែកវិភាគកីឡា ដែលវាគឺពិតជាល្អមែនទែនសម្រាប់ខ្ញុំ ក៏ប៉ុន្តែខ្ញុំនៅតែចង់ធ្វើជាគ្រូបង្វឹក ហើយខ្ញុំជឿជាក់ថាឱកាសមួយនេះពីភ្នំពេញក្រោន បានផ្ដល់នូវការលើកទឹកចិត្តមួយសម្រាប់ខ្ញុំ ហើយខ្ញុំចង់ធ្វើការថ្លែងអំណរគុណទៅកាន់ម្ចាស់ក្លឹប និងអ្នកគាំទ្រ ព្រមទាំងអ្នកគ្រប់គ្នាដែលនៅ​​ក្លឹបដូចជាកីឡាករ ក្រុមបុគ្គលិក ហើយខ្ញុំគិតថាពួកយើងនឹងចាប់ផ្ដើមទំព័រថ្មីចាប់ពីពេលនេះតទៅ ។

សំណួរ៖ តើមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់យើង?

Oleg៖ ជាការពិតណាស់អ្នកគាំទ្រគឺសំខាន់បំផុត ហើយពួកគេក៏ជាមូលហេតុដែលយើងអាចបន្តសកម្មភាពបាល់ទាត់បានផងដែរ ប្រសិនបើពួកគេមកមើលការប្រកួតដោយផ្ទាល់តាមកញ្ចក់ទូរទស្សដើម្បីគាំទ្រពួកយើង គឺមានន័យថាពួកគេបានចំណាយពេលវេលា និងការផ្ដោតអារម្មណ៍មកលើយើង ។ នៅពេលដែលពួកយើងទទួលបានជ័យជំនះគឺអ្នកគ្រប់គ្នានឹងសប្បាយចិត្ត ហើយនៅពេលដែលយើងចាញ់នោះនឹងប្រាកដជាមានការរិះគន់ដើម្បីស្ថាបនា ហើយការរិះគន់ទាំងនោះនឹងជួយពួកយើងឱ្យរីកចម្រើនទៅមុខទៀត ហើយវាធ្វើឱ្យខ្ញុំមានអំណរគុណខ្លាំងមែនទែន មិនថាការផ្ដល់យោបល់ល្អអាក្រក់នោះទេ សម្រាប់ខ្ញុំអ្វីដែលសំខាន់បំផុតគឺនៅពេលដែលទស្សនិកជនគាត់យល់ថាពួកយើងកំពុងធ្វើអ្វី ហើយខ្ញុំក៏សង្ឃឹមថាពួកគេនឹងនៅបន្តគាំទ្រសម្រាប់រដូវកាលនេះផងដែរ ខ្ញុំសង្ឃឹមថា​​កីឡដ្ឋានរបស់យើងនឹងពោរពេញទៅដោយទស្សនិកជនគ្រប់ការប្រកួតហើយខ្ញុំក៏រំពឹងថាយើងនឹងមានពេលគ្រប់គ្រាន់ក្នុងការនិយាយលេងជាមួយអ្នកគាំទ្រ និងស្ដាប់យោបល់ពួកគេ ហើយខ្ញុំគិតថាយើងនឹងមានសកម្មភាពផ្សេងៗទៀតផងដែរ ។

សំណួរ៖ តើលោកយល់យ៉ាងណាអំពីលីគកំពូលកម្ពុជានៅពេលនេះ?

Oleg៖ ជាការពិតណាស់បើយើងប្រៀបធៀបទៅកាលពីឆ្នាំ២០១៧ កាលនោះគឺខ្ញុំជាគ្រូបង្វឹក ហើយពេលនេះសម្រាប់ខ្ញុំគិតថានឹងមានក្រុមកាន់តែច្រើនទៀតដែលអាចចូលប្រកួតបាន យ៉ាងហោចណាស់ក៏៧ក្រុមដែរហើយមួយវិញទៀតគឺគ្មានការប្រកួតណាដែលងាយស្រួលនោះទេ ការប្រកួតនីមួយៗគឺសុទ្ធតែមានការប្រកួតប្រជែងខ្លាំងមែនទែនហើយខ្ញុំក៏មិនរំពឹងថាយើងនឹងទទូលបានលទ្ធផលល្អរៀងរាល់ការប្រកួតដែរ ប៉ុន្តែដើម្បីទទួលបានជ័យជំនះយើយត្រូវមានត្រៀមខ្លួននិងរៀបចំឱ្យបានល្អ ជាពិសេសគឺនៅក្នុងដំណាក់កាល​ pre-season បែបនេះ ។

សំណួរ៖ តើលោកមានគម្រោងបែបណាក្នុងការនាំយកកីឡាករចូលរួមក្រុមសម្រាប់រដូវកាលនេះ?

Oleg៖ ជាការពិតណាស់យើងគួរតែចុះកុងត្រាកីឡាករក្នុងដំណាក់កាល​ Pre-season ដោយមិនមែននៅក្នុងកំឡុងពេលរដូវកាលនៃការប្រកួតទេដូច្នេះហើយើងត្រូវត្រៀមខ្លួនឱ្យបានល្អបំផុតនៅក្នុងការប្រកួតផ្លូវការដំបូងជាមួយនឹងក្រុមដែលខ្លាំងបំផុត ហើយពួកយើងមានចំណុចខ្លាំងជាច្រើន ជាពិសេសគឺកីឡាករក្មេងៗ ដែលខ្ញុំបានស្គាល់ពួកគេទាំងអស់ហើយ ហើយយើងនឹងធ្វើការជាមួយពួកគេក្នុងក្រុមឈុតធំផងដែរ បើនិយាយពីភាពរឹងមាំគឺយើងត្រូវការប្រហែល២ទៅតំណែងទៀតដើម្បីឱ្យក្រុមកាន់តែមានភាពរឹងមាំ ។

មតិយោបល់


អត្ថបទផ្សេងៗ