ទោះជាប់ជម្រើស ១១នាក់ ប៉ុន្តែ គីម ឆាយ៉ា ទទួលស្គាល់ថាខ្លួននៅមានចំនុចខ្វះខាតច្រើន!

July 17, 2018 - 4:00 PM | អត្ថបទដោយ៖ មករា

កីឡាករវ័យក្មេងរបស់ភ្នំពេញក្រោនបានបង្ហាញខ្លួននៅក្នុងជម្រើស ១១នាក់ដំបូងនាការប្រកួតពានសម្តេចហ៊ុន ​សែន វគ្គ ១៦ក្រុមចុងក្រោយកាលពីសប្តាហ៍មុន បន្ទាប់ពីរូបគេខកខានមិនសូវបានបង្ហាញខ្លួននៅក្នុងការប្រកួតលីគកំពូលនោះឡើយ ។ ជាមួយក្តីរីករាយ យុវជនមានប្រភពមកពីខេត្តកោះកុងរូបនេះបានថ្លែងថា ការជាប់លេងជាជម្រើសដំបូងបានផ្តល់ដល់រូបគេនូវកម្លាំងចិត្តបន្ថែមទៀតសម្រាប់ការប្រកួតជាបន្តបន្ទាប់ទាំងក្នុងពានលីគកំពូល និងពានសម្តេចហ៊ុន សែន ។

យ៉ាងណាក៏ដោយ ខ្សែការពាររូបនេះបានបន្ថែមជាមួយនឹងក្តីកង្វល់ថា៖ ” ការប្រកួតជាក់ស្តែងនេះបានធ្វើឱ្យខ្ញុំដឹងថា ខ្ញុំនៅមានចំនុចខ្វះខាតច្រើន ពិសេសកម្លាំងកាយដែលមិនអាចបានលេងពេញ ៩០នាទីនោះទេ ដូច្នេះខ្ញុំត្រូវព្យាយាមបំប៉នកម្លាំងថែមទៀត ចំណែកបទពិសោធន៍លើទីលានក៏ដូចជាមិនទាន់គ្រប់គ្រាន់ហេតុនេះហើយទាមទារឱ្យខ្ញុំត្រូវខិតខំហ្វឹកហាត់កាន់តែខ្លាំងទៀត ដើម្បីមានឱកាសបានចូលលេង និងជួយមិត្តរួមក្រុមបាន ។”

សូមបញ្ជាក់ថា កីឡាករមុខស្រស់រូបនេះបានចូលរួមជាមួយភ្នំពេញក្រោនតាំងពីវ័យក្មេងក្នុងក្រុមថ្នាលយុវជន និងបានវិវត្តន៍ខ្លួនឡើងទៅក្រុមឈុតធំជាបន្តទៀត ហើយកាលពីឆ្នាំមុន គីម ឆាយ៉ា ក៏ត្រូវបានផ្ទេរទៅលេងជាមួយក្រុមវិសាខានៅលីគទី២ ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ