ជំនួយផ្នែកវេជ្ជសាស្ត្ររបស់មូលនិធិ Jack Ma និង​មូលនិធិ ​Alibaba ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា

March 29, 2020 - 5:36 PM | អត្ថបទដោយ៖ មករា

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០២នេះ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បានប្រគល់​សំភារវេជ្ជសាស្ត្រដែលជាអំណោយរបស់មូលនិធិ Jack Ma និង​មូលនិធិ ​Alibaba ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធ្វើតេស្ត​រក​ជំងឺ​COVID-19 ដល់ឯកឧត្តម ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាសកម្មភាពមួយរួមចំណែកជាកម្លាំងក្នុងការ​ប្រយុទ្ធប្រឆាំង​យក​ជម្នះជាមួយនឹង​ជំងឺ​ប្រភេទ​ថ្មី​នេះ។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​ជំងឺ​វីរុស​COVID-19 ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​មូលនិធិ ​Jack Ma និង​មូលនិធិ​ Alibaba​ ជាបន្ទាន់ ដើម្បី​ធ្វើការ​ផ្តល់នូវ​សារធាតុ​តេស្ត​រក​ជំងឺ​វីរុស​មួយចំនួន​ជូន​ដល់​ភាគី​កម្ពុជា សង្ឃឹមថា​វា​អាចជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ​»​។​ សម្រាប់ជំនួយនេះរួមមានសារធាតុ Detection Reagent សម្រាប់ធ្វើ​តេស្ត​លើ​មនុស្ស ២​ម៉ឺន​នាក់​។
សូមបញ្ជាក់ថា ​សារ​ធាតុគីមី​ប្រតិកម្ម (Detection Reagent) គឺជា​សារធាតុ​គីមី សម្រាប់​តាមដាន​រក​វត្តមាន​របស់​វីរុស​COVID-19​។ បើសិនជា​ដាក់​សារធាតុ​ប្រភេទ​នេះ ចូលទៅក្នុង​ឧបករណ៍​ធ្វើតេស្ត គេ​អាច​រកឃើញ​វីរុស​COVID-19 ក្នុង​រយៈពេល​១៥​នាទី ដែល​វា​លឿន​ជាង​ការប្រើប្រាស់​តេស្ត​ប្រភេទ Polymerase Chain Reaction ឬ PCR ដែល​ទាមទារ​ថវិកា និង​ពេលវេលា​ច្រើន​ក្នុងការ​តាមដាន​លទ្ធផល​។ ជាធម្មតា តេស្ត PCR ត្រូវការ​ប្រើប្រាស់​ពេល​ពី​៤ ទៅ​៦​ម៉ោង​ក្នុង​ការដឹង​វត្តមាន​នៃ​វីរុស​។

គួររំលឹកផងដែរថា Alipay ក៏មានទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ ដោយក្រុមហ៊ុនដ៏ធំនេះគឺដៃគូជាមួយក្រុមហ៊ុន  Pi Pay ដោយបានបង្កើតកិច្ចសហការជាមួយគ្នាលើផ្នែកទូទាត់ប្រាក់បែបទំនើបកាលពីចុងឆ្នាំ២០១៧ កន្លងមក ហើយតាមរយៈកិច្ចសហប្រតិបត្តិការណ៍នេះ ក្រុមហ៊ុនទាំងពីរមានគោលដៅក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញទៅលើវឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុ ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ ក្នុងនាមជាដៃគូ ​Pi Pay មានក្តីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះ លោក Jack Ma ដែលជាស្ថាបនិក Alipay ចំពោះសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះហើយសង្ឃឹមថា ជំនួយទាំងនេះនឹងអាចបំពេញតម្រូវការចំពោះមុខនិងដោះស្រាយក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ប្រជាជនកម្ពុជាផ្ទាល់ក្នុងកាលៈទេសៈប្រឈមតទល់នឹងការគំរាមកំហែងនៃវីរុសកូវីដ១៩នោះ៕

ប្រភព៖ ថ្មី ថ្មី
(អត្ថបទផ្សព្វផ្សាយរបស់ដៃគូក្លឹបបាល់ទាត់ភ្នំពេញក្រោន)

មតិយោបល់


អត្ថបទផ្សេងៗ