May 11, 2018 - 4:06 PM | អត្ថបទដោយ៖ មករា

គ្រូបង្គោល U-15 ភ្នំពេញក្រោន ឈឺន នីផា ប្រាថ្នាចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់កម្រិតអន្តរជាតិ

ជាមួយនឹងទឹកមុខមាំប្រកបដោយភាពស្វាហាប់អ្នកគ្រូបង្វឹកវ័យក្មេងដែលមានមាឌល្អិត និងសម្បុរខ្មៅស្រអែម បានព្យាយាមពន្យល់កូនក្រុមរបស់ខ្លួនដោយភាពហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ។ យ៉ាងណាក៏ដោយ អតីតសមាជិកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជារូបនេះ មិនភ្លេចបញ្ចេញស្នាមញញឹមដើម្បីជាកម្លាំងចិត្តដល់កូនសិស្សរបស់ខ្លួនឡើយ! គ្រូបង្វឹកដែលមានទេពកោសល្យ និងមានចំណង់ចំណូលចិត្តលើកីឡាបាល់ទាត់រូបនេះ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយបានចាប់ផ្តើមលេងបាល់ដំបូងបំផុតក្នុងវ័យ ១៣ឆ្នាំ ។

«ខ្ញុំស្គាល់បាល់ទាត់តាមរយៈមិត្តភក្តិរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមចូលចិត្តបាល់ទាត់នៅថ្ងៃដំបូងដែលបានចូលប៉ះបាល់ទៅហើយ វាពិបាកប្រាប់ថាពេលនោះខ្ញុំមានអារម្មណ៍បែបណាណាស់ ប៉ុន្តែដោយសារខ្ញុំមិនដែលចូលរួមសកម្មភាពបែបនោះតាំងពីតូចមកទើបវាបានធ្វើឱ្យខ្ញុំរំភើបយ៉ាងខ្លាំង ។» កញ្ញា ឈឺន នីផា បានបន្ថែមថា៖ «ខ្ញុំចាប់ផ្តើមលេងបាល់ទាត់នៅពេលដែលខ្ញុំអាយុ ១៣ឆ្នាំ(២០០៨) គឺអំឡុងពេលដែលខ្ញុំរស់នៅខេត្តបាត់ដំបង។ ក្រោយមកនៅឆ្នាំ២០១១ ខ្ញុំក៏បានផ្តើមរៀនធ្វើជាគ្រូបង្វឹក និងរហូតដល់ឆ្នាំ២០១៥ ខ្ញុំក៏បានដាក់ពាក្យចូលធ្វើការនៅក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ក្រោយពីការសំភាសន៍ និងធ្វើតេស្តចំណេះដឹងផ្សេងៗហើយគេក៏បានជ្រើសរើសខ្ញុំ ពេលនោះគឺជាជំហានដំបូងដែលខ្ញុំឆ្លងកាត់ និងទទួលបានឱកាសដ៏ល្អពីភ្នំពេញក្រោនដែលបានទទួលខ្ញុំធ្វើជាបុគ្គលិក ហើយបានផ្តល់ឱកាសបានរៀនបន្ថែមដើម្បីអភិវឌ្ឍន៏ខ្លួនបន្ថែមរហូតដល់ពេលនេះ។ »

គួររំលឹកថា មុននឹងក្លាយជាគ្រូបង្វឹក កញ្ញា ឈឺន នីផា ក៏ធ្លាប់លេងឱ្យក្រុមជម្រើសជាតិនារីអាយុក្រោម ១៤ និង១៦ឆ្នាំ ព្រមទាំងធ្លាប់ធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិនារីក្រោមអាយុ១៤ឆ្នាំ ចំនួន២ឆ្នាំជាប់គ្នាផងដែរពោលគឺនៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងមក។ កាលពីឆ្នាំ២០១៧ កន្លងទៅ រូបគេបានក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី AFC Women’s Tutors Course នៅទីក្រុងសៀងហៃ ប្រទេសចិនដែលត្រូវបានរៀបចំជាលើកដំបូងសហព័ន្ធបាល់ទាត់ទ្វីបអាសុី ក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាផ្សព្វផ្សាយនូវទេពកោសល្យរបស់ក្រុមគ្រូបង្វឹកស្ត្រីដើម្បីជំរុញឲ្យពួកគេក្លាយជាគ្រូបង្វឹកបាល់ទាត់ប្រកបដោយវិជ្ជាជីវៈខ្ពស់ពោរពេញដោយភាពជាអ្នកដឹកនាំ និងជាគំរូក្នុងសកម្មភាពអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅតំបន់អាសុី ។

 

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កញ្ញាកំពុងដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំរបស់ភ្នំពេញក្រោន ហើយក៏កំពុងសិក្សានៅសាកលវិទ្យាល័យ Western ឆ្នាំទី១ ឆមាសទី២ ថែមទៀតផង ។ ទន្ទឹមនឹងនេះ កញ្ញានីផា កំពុងកាន់សញ្ញាបត្រគ្រូបង្វឹក AFC B-licence ហើយគ្រោងនឹងបន្តការសិក្សាយកសញ្ញាបត្រ A- license នាចុងឆ្នាំ២០១៨ នេះ ។ សម្រាប់គោលដៅអនាគតវិញ កញ្ញាប្រាថ្នាចង់ក្លាយជាគ្រូបណ្តុះបណ្តាលបាល់ទាត់ទាំងក្នុង និងក្រៅប្រទេស ៕

 


ស្វែងរកព័ត៌មានបន្ថែមអំពីក្លឹបបាល់ទាត់ភ្នំពេញក្រោន