គឹមហុង និង ជាវៃ ប្តេជ្ញាជួយក្រុមជម្រើសជាតិនារីទោះលំបាកលើការហាត់ និងកាយសម្បាទាតូចល្អិតក៏ដោយ!  

June 29, 2018 - 11:56 AM | អត្ថបទដោយ៖ មករា

ឥណ្ឌូនេសុី៖ កីឡាការិនីភ្នំពេញក្រោន ២រូបគឺ ហួត គឹមហុង និង បាន ជាវៃ ដែលកំពុងចូលរួមជាមួយក្រុមជម្រើសជាតិនារីកម្ពុជាដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ AFF WOMEN’S CHAMPIONSHIP 2018 ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

បន្ទាប់ពីបានទៅដល់ទីក្រុងប៉ាឡាមបាងនៃប្រទេសឥណ្ឌូនេសុីភ្លាមកីឡាការិនីទាំង ២ បានថ្លែងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតដ៏ធំនេះបើទោះបីជាក្រុមកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានសុទ្ធតែក្រុមខ្លាំងៗក្តី ពោលគឺអ្នកទាំងពីរបានប្តេជ្ញាថានឹងព្យាយាមធ្វើឱ្យបានល្អបំផុតជាមួយមិត្តរួមក្រុមដទៃទៀតដើម្បីឆ្ពោះទៅរកលទ្ធផលល្អប្រសើរ ។

កីឡាការិនី គឹមហុង បានបញ្ជាក់ថា៖ ” ទោះបីជាក្រុមរបស់យើងទើបតែចាប់ផ្តើមហ្វឹកហាត់​បានតែ ២សប្តាហ៍មិនទាន់សាំុនឹងអាកាសធាតុ ហើយសមាជិកភាគច្រើនមានវ័យក្មេង និងកាយសម្បទាតូចល្អិតក៏ពិតមែន ប៉ុន្តែយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពហើយធ្វើការជាមួយគ្នាដោយមិនបោះបង់ជាដាច់ខាត ជាពិសេសនៅការប្រកួតជាមួយក្រុមថៃ និងអូស្ត្រាលីតែម្តង ។” ទន្ទឹមនឹងនេះ រូបគេក៏បានសំណូមពរដល់មហាជនខ្មែរសូមចូលរួមគាំទ្រដល់ក្រុមកីឡាការិនីកម្ពុជាឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តសម្រាប់ការប្រកួតនៅក្រៅប្រទេសនេះ ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះក្រុមកម្ពុជាស្ថិតនៅពូល​ A ជាមួយក្រុមខ្លាំងៗដូចជា៖ អូស្ត្រាលី, ថៃ, ម៉ាឡេសុី និងទីម័រខាងកើត ខណៈដែលកម្ពុជានឹងត្រូវប្រកួតដំបូងជាមួយក្រុមជម្រើសជាតិទីម័រនាថ្ងៃទី៣០ ខែមិថុនា នាវេលាម៉ោង ៧.០០ល្ងាច ៕

 

មតិយោបល់


អត្ថបទផ្សេងៗ