ខ្សែប្រយុទ្ធ Valci នឹងបង្ហាញវត្តមានលើទីលានថ្ងៃនេះក្រោយរង់ចាំយ៉ាងអន្ទះសារជាច្រើនសប្តាហ៍!

June 30, 2018 - 11:54 AM | អត្ថបទដោយ៖ មករា

កីឡាករជនជាតិប្រេសុីល Valci Teixeira Júnior ដែលជាសមាជិកចំណូលថ្មីរបស់ក្រុមភ្នំពេញក្រោននឹងបង្ហាញខ្លួននៅលើទីលានក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរនារសៀលថ្ងៃទី៣០ ខែមិថុនានេះបន្ទាប់ពីបានហ្វឹកហាត់ជាមួយមិត្តក្រុមជាច្រើនសប្តាហ៍រួចមក ខណៈដែលអ្នកគាំទ្រក៏ប្រាថ្នាចង់ឃើញសមត្ថភាពរបស់រូបគេដែរនោះ ។

ជាមួយនឹងក្តីរីករាយក៏ដូចជាការតាំងចិត្តខ្ពស់កីឡាករកម្ពស់​ជិត​២ម៉ែត្ររូបនេះបានប្តេជ្ញាថា នឹងខិតខំធ្វើឱ្យបានល្អជាមួយមិត្តរួមក្រុមដទៃទៀតដើម្បីបំពេញក្តីបំណងដល់អ្នកគាំទ្រ បន្ទាប់ពីទទួលបានលទ្ធផលមិនជាទីពេញចិត្តកាលពីជើងទី១ នៃលីគកំពូលកម្ពុជារួចមក ។ យ៉ាងណាក៏ដោយ រូបគេយល់ឃើញថា ក្រុមទាំងមូលបានប្រឹងប្រែងយ៉ាងខ្លាំងក្លានា ១១ ប្រកួតកន្លងមក ខណៈដែលសមាជិកភាគច្រើនសុទ្ធតែជាយុវជន ប៉ុន្តែមានឆន្ទៈព្រមទាំងបច្ចេកទេសល្អគួរឱ្យកោតសរសើរ ។

គួររំលឹកថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកិច្ចសន្យាជាមួយកីឡាករថ្មីមួយរូបដែលជាជនជាតិប្រេសុីល Valci Teixeira Júnior ដែលបំពេញតួនាទីជាខ្សែប្រយុទ្ធ ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះមានបទពិសោធន៍ជោគជាំក្នុងតំបន់អាស៊ីជាពិសេសនៅក្នុងប្រទេសថៃតែម្តង ជាក់ស្តែងរូបគេធ្លាប់លេងជាមួយបណ្តាក្រុមនៅលីគកំពូលថៃដូចជា៖ ក្រុម Thai Port, Nakhon Ratchasima ជាដើម​ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ