ក្រុម U12 ភ្នំពេញក្រោន នឹងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតពានរង្វាន់មួយនៅប្រទេសចិន

August 10, 2018 - 10:42 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃទី១១ ខែសីហាស្អែកនេះ ក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងនាមក្រុមតំណាងប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ដែលជាព្រឹត្តិការណ៍ប្រកួតមិត្តភាពយុវជនអាស៊ាន-ចិន ។

កម្មវីធី Soong Ching Ling Cup, China-ASEAN Youth Football Friendly Matches ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នៃប្រទេសចិន ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខ ។ ក្នុងបេសកកម្មនេះក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងដឹកនាំដោយអ្នកគ្រូ បុិ ផល្លី ជាគ្រូបង្វឹក អមដោយលោក ម៉ក ភារុន ជាជំនួយការគ្រូបង្វឹក ដោយពួកគេនឹងធ្វើដំណើរនាថ្ងៃសៅរ៍ ទី១១ស្អែកនេះនៅវេលាម៉ោង៨ ព្រឹក ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីបីហើយរបស់ក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់កម្ពុជាដែលបានចូលរួមក្នុងកម្មវិធីនេះហើយសម្រាប់ឆ្នាំមុនវិញក្រុមកីឡាករនៃប្រទេសកម្ពុជារបស់យើងទទួលបានពានរង្វាន់ Fair Play ផងដែរ ។ សូមជូនពរឲ្យក្រុមកីឡាករអាយុក្រោម១២ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ!

មតិយោបល់


អត្ថបទផ្សេងៗ