ក្រុមហ៊ុន MFit ឧបត្ថម្ភអាហារបំប៉នដល់ក្រុមកីឡាករភ្នំពេញក្រោន

December 20, 2018 - 11:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់អាហារបំប៉នកាយសម្បទា MFit បាននាំយកផលិតផលសុខភាពក៏ដូចជាសំភារៈប្រើប្រាស់ជាច្រើនប្រភេទដើម្បីឧបត្ថម្ភដល់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់របស់កីឡាករ និងពង្រឹងកាយសម្បទាឱ្យស្របទៅតាមស្តង់ដារកីឡាករបាល់ទាត់អាជីពនោះ។

ក្នុងឱកាសនោះដែរ តំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន MFit មានក្តីរីករាយក្នុងការបំពេញការងារជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាក្លឹបឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងមានសកម្មភាពដ៏សស្រាក់សស្រាំលើបេសកកម្មអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងស្រុក ទាំងការពង្រឹងគុណភាពក្រុមធំ ការបណ្តុះបណ្តាលក្រុមថ្នាលយុវជន និងក្រុមបាល់ទាត់នារីជាដើម ហើយរំពឹងថា ផលិផលទាំងនេះនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាព សុខភាព ក៏ដូចជាកាយសម្បទាកីឡាករទាំងអស់ឱ្យកាន់តែរឹងមាំ និងល្អប្រសើរថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមឈុតធំភ្នំពេញក្រោន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន MFit ដែលបានយកចិត្តទុកដាក់ក្នុងវិស័យកីឡាបាល់ទាត់ ជាពិសេសការឧបត្ថម្ភនេះគឺជាលើកទឹកចិត្តបន្ថែមទៀតដល់ក្លឹបភ្នំពេញក្រោនក្នុងដំណើរអភិវឌ្ឍន៍សមត្ថភាព និងគុណភាពកីឡាករឆ្ពោះទៅកាន់ភាពជាកីឡាករអាជីពនាពេលអានាគត ខណៈដែលកីឡាករវ័យក្មេងជាច្រើនសុទ្ធតែត្រូវការវិធីសាស្ត្រមួយត្រឹមត្រូវដើម្បីពង្រឹងកាយសម្បទារបស់ខ្លួននោះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន MFit ជាក្រុមហ៊ុនដែលនាំចូលផលិតផលដ៏មានគុណភាពខ្ពស់ទាក់ទងនឹងការធ្វើលំហាត់ប្រាណនានា ជាពិសេសលើការពង្រឹងកាយសម្បទា និងសាច់ដុំទាំងសម្រាប់អ្នកនិយមហាត់កីឡា អ្នកចង់បានសាច់ដុំមាំមួន ឬសម្រាប់អត្តពលិកផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ