ក្រុមយុវជនអេលីតភ្នំពេញក្រោន ទទួលលទ្ធផលល្អប្រសើរ អមដោយគោលដៅខ្ពស់នាអនាគត

July 14, 2018 - 1:43 PM | អត្ថបទដោយ៖ មករា

ក្រុមយុវជនអេលីតរបស់ភ្នំពេញក្រោន កំពុងហ្វឹកហាត់យ៉ាងសកម្មនៅកីឡដ្ឋាន RSN ក្នុងគោលដៅពង្រឹងសមត្ថភាពរបស់ពួកគេត្រៀមចូលរួមការប្រកួតនានាទាំងកម្រិតមិត្តភាព និងការប្រកួតផ្លូវការផងដែរ ។

កញ្ញា ងិន សម្រស់ គ្រូបង្គោលក្រុម Elite U16 បានឱ្យដឹងថា៖ ” ចំពោះលទ្ធផល ខ្ញុំខ្វល់តែ ៥០% ទេ ព្រោះប្រការសំខាន់គឺខ្ញុំចង់ឱ្យពួកគេអភិវឌ្ឍន៍ជាមួយក្រុមដទៃទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា ឬលើសពួកគាត់២ទៅ៣ឆ្នាំ ដើម្បីឱ្យពួកគាត់យកអ្វីដែលបានហ្វឹកហាត់មកអនុវត្តន៍នៅពេលប្រកួត ទាំងបច្ចេកទេស ស្មារតី សាមគ្គី និងការលេងដោយយុត្តិធម៌ ។”

អ្នកគ្រូបង្វឹកដែលជាសមាជិកក្រុមបាល់ទាត់នារីភ្នំពេញក្រោនផងនោះបានបន្ថែមថា៖ ” ចំពោះចំនុចកែតម្រូវរបស់ពួកគាត់ គឺពួកគាត់ឆាប់បាក់ទឹកចិត្ត នៅពេលដែលក្រុមម្ខាងនាំមុខ តែចុងក្រោយពួកគាត់នៅតែអាចធ្វើបានល្អ ជាក់ស្តែង ក្នុងការប្រកួតទាំង១២លើក សឹងតែ ៧០% ដែលគូប្រកួតនាំមុខ មុន ។ ដូច្នេះ យើងត្រូវកែតម្រូវរាល់ភាពខ្វះខាតដើម្បីមានសមត្ថភាពអាចបង្ហាញខ្លួនក្នុងក្រុម Academy របស់ក្លឹប ឬក្នុងក្រុមជម្រើសជាតិជាដើម ។ ”

សូមបញ្ជាក់ថា ក្រុមយុវជន Elite គឺជាផ្នែកមួយនៃសហគមន៍បាល់ទាត់ភ្នំពេញក្រោន ដែលប្រមូលផ្តុំទៅដោយកីឡាករក្មេងៗដែលមានសមត្ថភាពល្អ និងដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងចេញពីបណ្តាយុវជនជាច្រើនក្នុងកម្រិតសហគមន៍ (Community) ដើម្បីប្រែក្លាយជាសមាជិកក្រុមថ្នាលយុវជន (Academy) របស់ក្លឹប មុននឹងអាចមានឱកាសឡើងទៅឈុតធំជាបន្តទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ