ក្នុងនាមជាដៃគូ Pi Pay មានក្តីសោមនស្សចំពោះលោក Jack Ma ស្ថាបនិក Alipay ដែលនឹងផ្តល់ជំនួយដល់កម្ពុជា រួមទាំងប្រទេស៩ ទៀត

March 21, 2020 - 5:20 PM | អត្ថបទដោយ៖ មករា

ស្ថាបនិកក្រុមហ៊ុន Alipay លោក Jack Ma ដែលជាមហាសេដ្ឋីមានជាងគេម្នាក់នៅអាស៊ីបានសន្យាថានឹងបញ្ជូនម៉ាស់ចំនួន ១,៨ លានម៉ាស់ ព្រមទាំងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២១ម៉ឺនឈុត និងសំភារវេជ្ជសាស្ត្រផ្សេងទៀតចំនួនជាង ៣មុឺនដល់បណ្តាប្រទេសចំនួន១០គឺ អាហ្គានីស្ថាន បង់ក្លាដែស ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា និងកម្ពុជាផងដែរ។

នេះជាជំហានថ្មីចុងក្រោយនៃកិច្ចប្រឹងប្រែងរបស់លោកក្នុងការជំរុញការប្រឆាំងនឹងវីរុសកូវីដ១៩ដែលកំពុងរាតត្បាតទូទាំងសាកលលោក ខណៈដែលការខ្វះខាតឧបករណ៍វេជ្ជសាស្រ្តនិងការការពារជាសកលបានប៉ះពាល់យ៉ាងខ្លាំងសូម្បីតែក្នុងប្រទេសមួយចំនួនដោយរាប់បញ្ចូលទាំងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងបំផុតផងដែរនោះ។

សូមបញ្ជាក់ដែរថា Alipay និង Pi Pay បានបង្កើតភាពជាដៃគូជាមួយគ្នាលើផ្នែកទូទាត់ប្រាក់បែបទំនើបកាលពីចុងឆ្នាំ២០១៧ កន្លងមក ហើយតាមរយៈកិច្ចសហប្រតិបត្តិការណ៍នេះ ក្រុមហ៊ុនទាំងពីរមានគោលដៅក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញទៅលើវឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុ ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅក្នុងប្រទេសកម្ពុជាថែមទៀតផង។

ក្នុងនាមជាដៃគូ ​Pi Pay មានក្តីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះ លោក Jack Ma ដែលជាស្ថាបនិក Alipay ចំពោះសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះហើយសង្ឃឹមថា ជំនួយទាំងនេះនឹងអាចបញ្ជូនមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខដើម្បីបំពេញតម្រូវការចំពោះមុខនិងដោះស្រាយក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ប្រជាជនកម្ពុជាផ្ទាល់ក្នុងកាលៈទេសៈប្រឈមតទល់នឹងការគំរាមកំហែងនៃវីរុសកូវីដ១៩នោះ៕


ប្រភព៖ កម្ពុជាថ្មី
(អត្ថបទផ្សព្វផ្សាយរបស់ដៃគូក្លឹបបាល់ទាត់ភ្នំពេញក្រោន)

 

មតិយោបល់


អត្ថបទផ្សេងៗ